Home Ads

Sunday, 29 July 2018

រឿង សូផាត សង្ខេប




  • ប្រភេទ៖ រឿងនេះជាប្រភេទអក្សរសិល្ប៍ប្រលោមលោកទំនើបបែបមនោសញ្ជេតនា
  • ចលនា៖ ជាចលនាអក្សរសិល្ប៍ខេមរនិយម ដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរនាសម័យអាណានិ​គមបារាំង។
  • កាលកំណត់តែង៖ ១៩៣៨
  • អ្នកនិពន្ធ៖ រីម គីន
សង្ខេបរឿង
         លោកសួនជាចៅហ្វាយស្រុកមួយរូបនៅស្រុកសេរីសោភ័ណ។ អ្នកស្រុកទាំងពួងដឹងថាលោ​ក​បានទៅលួចរួមរ័ក្សជាមួយស្រី្តកំព្រាម្នាក់ឈ្មោះសូយា។ ក្រោយមកលោកត្រូវបានរាជការធំផ្លាស់​លោកទៅក្រុងភ្នំពេញ។ លោកសួនមិនអាចនាំនាងសូយាដែលមានផ្ទៃពោះទៅជាមួយដោយសារ​តែម្តាយលោកបានដណ្តឹងកូនគេបញ្ចាំចិត្តរួចហើយ។ លោកបានទុកចិញ្ចៀនមួយវង់ឲ្យនាងសូយា​ហើយសន្យាថានឹងវិលត្រឡប់ទៅរកនាងវិញ។ នាងសូយានៅស្រុកតែម្នាក់ឯង ក្រោយមកឆ្លងទន្លេ​បានកូនប្រុសឈ្មោះសូផាត។ ម្តាយកូនពីរនាក់រស់នៅយ៉ាងកំសត់ សូម្បីតែសំបុត្រមួយបន្ទាត់ពី​លោកសួនក៏នាងមិនបានទទួលដែរ។ ពេលដឹងថាលោកសួនមានប្រពន្ធថ្មី នាងក៏ចាប់ផ្តើមឈឺ​រហូតដល់ស្លាប់ ហើយកូននាងត្រូវបានយកទៅដាក់ក្នុងវត្តពេលអាយុបានប្រាំបីឆ្នាំ។ លុះដល់អាយុ​បានដប់ពីរឆ្នាំ កុមារចាកចេញពីស្រុកទៅភ្នំពេញដើម្បីស្វែងរកឪពុកបង្កើតរបស់ខ្លួន។
         ពេលទៅដល់ភ្នំពេញ សូផាតស្នាក់នៅក្នុងវត្តឧណ្ណាលោមហើយបានស្គាល់ក្មេងម្នាក់ឈ្មោះ​ណារិន។ ក្រោយមកឪពុកធម៌ណារិនយល់ព្រមឲ្យសូផាតស្នាក់នៅជាមួយ។ ថ្ងៃមួយក្រោយពេល​សូផាតងូតទឹករួចភ្លេចចិញ្ចៀន​នៅក្នុងបន្ទប់ទឹក។ នាងម៉ានយ៉ានចូលទៅដល់បន្ទប់ទឹកក៏ប្រទះ​ឃើញចិញ្ចៀននោះ ហើយប្រគល់ឲ្យលោកឧកញ៉ា។ លោកក៏ជ្រាបដឹងថា សូផាតជាកូនបង្កើត​របស់ខ្លួន។
        នាងអ៊ូរីជាកូនក្រមុំអ្នកជិតខាងចាប់អារម្មណ៍លើសូផាតរហូតដល់ទប់កេរ្តិ៍ជាស្រ្តីពុំបានក៏ឡើង​ទៅបន្ទប់សូផាតទាំងយប់ តែត្រូវបានសូផាតប្រាប់ឲ្យចាកចេញ។ នាងម៉ាយ៉ានប្រទះឃើញទិដ្ឋ​ភាព​បែបនេះក៏អស់សង្ឃឹមដែលខ្លួនបានចាប់ចិត្តទៅលើបុរសបែបនេះ។ នាងគេចវេសខ្លួនចេញពី​សូផាតជាដរាប ហើយសូផាតក៏នឹកក្នុងចិត្តថាគេប្រហែលជាធ្វើអ្វីឲ្យនាងទាស់ចិត្ត ហើយក៏សម្រេច​ចិត្តចាកចេញពីផ្ទះនេះ។ ក្រោយពេលគ្រួសារលោកសួនដឹងថាសូផាតបានចាកចេញពីផ្ទះ លោក​ក៏​ចេញបញ្ជាឲ្យគេតាមរក ស្រាប់តែក្រុមនគរបាលរកឃើញសាកសពមួយដោយស្មានថាជាសូផាត។ ចំណែកឯសូផាតវិញបានទៅរស់នៅជាមួយមេស្រុកសុខហើយប្តូរឈ្មោះខ្លួនទៅជាផនស៊ី។ ឯ​សំណាងជាកូនអ្នកមានក៏បម្រុងនឹងចូលស្តីដណ្តឹងនាងម៉ានយ៉ាន។ ក្រោយមកនាងម៉ានយ៉ានបាន​ទៅជួបនឹងសូផាតនៅផ្ទះមេស្រុកនោះដោយស្មានថាព្រលឹងខ្មោចសូផាតមកតាមរកនាង។ នៅថ្ងៃ​ដែលនាងរៀបការ នាងលោតសម្លាប់ខ្លួននៅមាត់ទន្លេប៉ុន្តែត្រូវបានអ្នកនេសាទជួយសង្គ្រោះ ពេល​នោះហើយដែលសូផាតបានជួបនឹងនាងម៉ានយ៉ានម្តងទៀត ហើយនាំគ្នាភៀសខ្លួនទៅខេត្តស្វាយ​រៀង។ ដោយសារតែសូផាតធ្វើដំណើរត្រឡប់មកភ្នំពេញវិញជួបគ្រោះថ្នាក់ចរាចរណ៍ ហើយនាង​ម៉ានយ៉ានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅឯខេត្ត អ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯភ្នំពេញ ហើយជួបគ្នាដោយចៃដន្យនៅទីនោះ។ ទីបំផុតលោកសួនបានរកឃើញអ្នកទាំងពីរវិញ ហើយរៀប​ចំពិធីអាពាហ៍ពិពាហ៍ឲ្យពួកគេទៅតាមប្រពៃណី ហើយរស់នៅជួបជុំគ្រួសារយ៉ាងសុខសាន្តចាប់ពី​ពេលនោះមក។
  • ប្រធានរឿង៖ រឿងនេះចង់បង្ហាញពីជីវិតតស៊ូព្យាយាមរបស់យុវជនមួយរូបក្នុងនាមជាកូន​កំព្រា។
  • មួលបញ្ហារឿង
    • ការផិតក្បត់របស់លោកសួនចំពោះនាងសូយា (បន្សល់ទុកនូវកូនកំព្រា)
    • ការយល់ច្រឡំរបស់កំលោះក្រមុំ (សូផាត និងនាងម៉ានយ៉ាន)
    • បញ្ហាការតស៊ូរៀនសូត្ររបស់សូផាត
    • ស្នេហាស្មោះស្ម័គ្ររបស់កំលោះក្រមុំ (សុផាត និងនាងម៉ានយ៉ាន)
  • ឧត្តមគតិរឿង៖ 
    • ត្រូវចេះជួយយកអាសារ និងទំនុកបម្រុងគ្នាទៅវិញទៅមក
    • ត្រូវចេះតស៊ូព្យាយាមជំនះរាល់ការលំបាក
    • ត្រូវគោរពប្រពៃណីទំនៀមទម្លាប់ជាតិ
    • ត្រូវស្មោះត្រង់នឹងស្នេហា​​​   
ដោយ ស៊ីន វិសាល

1 comment:

Featured Posts

????

FlatBook

Lorem ipsum dolor sit amet, consectetur adipiscing elit. Vestibulum rhoncus vehicula tortor, vel cursus elit. Donec nec nisl felis. Pellentesque ultrices sem sit amet eros interdum, id elementum nisi ermentum.Vestibulum rhoncus vehicula tortor, vel cursus elit. Donec nec nisl felis. Pellentesque ultrices sem sit amet eros interdum, id elementum nisi fermentum.




Comments

Contact Us

Name

Email *

Message *