- ប្រភពរឿង៖ បោះពុម្ពផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តក្រសួងអប់រំឆ្នាំ ១៩៨៩។
- ប្រភេទ៖ អក្សរសិល្ប៍ទំនើបបែបល្ខោននិយាយ
- ចលនា៖ អក្សរសិល្ប៍ខេមរនិយម
- ឥទ្ធិពល៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលពីពួកមូលធននិយមពីព្រោះនៅក្នុងដំណើររឿង អ្នកនិពន្ធបានបង្ហាញឲ្យពួកមូលធននិយមជាអ្នកឈ្នះ។
- កាលកំណត់តែង៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលឡើងនៅក្នុងឆ្នាំ១៩៥៦ជាកម្រងអត្ថបទអក្សរសិល្ប៍ដែលប្រឌិតឡើងនៅទីក្រុងភ្នំពេញ មានលក្ខណៈជាល្ខោននិយាយ។ ខ្លឹមសារនៃរឿងនេះបានយកមកចម្លងដោយនាយកដ្ឋានសិល្បៈនៅថ្ងៃទី៣០ កញ្ញា ១៩៨១ បោះពុម្ពផ្សាយដោយវិជ្ជាស្ថានវិទ្យាសាស្រ្តស្រាវជ្រាវក្រសួងអប់រំនៅទីក្រុងភ្នំពេញឆ្នាំ១៩៨៩។
- អ្នកនិពន្ធ៖ រឿងថៅកែចិត្តចោរតាក់តែងឡើងដោយអ្នកនិពន្ធឈ្មោះ ពៅ យូឡេង និង អ៊ុំ ឈឺន
- សង្គមបរិយាកាស៖ ដំណើររឿងរឿងបានប្រព្រឹត្តទៅនៅក្នុងសម័យដែលប្រទេសកម្ពុជាទើបបានទទួលឯករាជ្យដំបូង។
នៅឆ្នាំ១៩៥៦ មានព្រឹត្តិការណ៍មួយកើតឡើងនៅទីក្រុងភ្នំពេញ គឺលោកថៅកែបានប្រើឲ្យពូហំបើកឡានបុកឡានរបស់អុងប៉ាងហុងលីដោយសន្យាថាឲ្យលុយ ១០០០០រៀល។ ក្រោយមកគេឃើញពូហំ និងផានីតកំពុងជជែកគ្នាពីរឿងនេះដោយផានិតបានឲ្យពូហំរត់គេចខ្លួន ប៉ុន្តែពូហំមិនរត់ទេ គឺចាំយកលុយមួយម៉ឺនពីថៅកែសិន ព្រោះត្រូវការយកលុយនេះទៅឲ្យម្តាយធ្វើបុណ្យ និងឲ្យកូនទិញប្រដាប់ប្រដាររៀនសូត្របន្តទៅទៀត។ មួយសន្ទុះក្រោយមកទើបឃើញថៅកែចូលមកដល់ ពូហំក៏សុំលុយពីថៅកែ ថៅកែបែរជាបដិសេធទៅវិញ ហើយឲ្យតែ ២០០រៀល ដោយយកលេសថា គាត់មិនបានប្រើពូហំបើកឡានបុកគេឲ្យស្លាប់នោះទេ។ អ្នកទាំងពីរក៏មានការឈ្លោះប្រកែកប្រណាំងគ្នា តែនៅតែមិនព្រមត្រូវគ្នាទេ ព្រោះថៅកែមិនព្រមឲ្យលុយ ១០០០០រៀលទៅពូហំ។
នៅផ្ទះពូហំឯណេះវិញមានប៉ូលីសជាច្រើនទៅឡោមព័ទ្ធចាប់ពូហំ ប៉ុន្តែប្រពន្ធគាត់ប្រាប់ថាប្តីគាត់អត់មកផ្ទះ៤, ៥ថ្ងៃហើយ។ ពួកក្រុមប៉ូលីសក៏ត្រឡប់ទៅផ្ទះរបស់ថៅកែ ឃើញអ្នកទាំងពីរប្រកែកគ្នា ប៉ូលីសក៏សួរថា "នរណាជាចោរ?" យើងជាក្រុមនគរបាល ប្រាប់មុខចោរយើងមក យើងនឹងចាប់"។ ពេលនោះអ្នកទាំងអស់គ្នាក៏ជ្រួលច្របល់ពូហំបានសារភាពថាគាត់ជាអ្នកបើកឡានបុកឡានរបស់អាហុងលី ប៉ុន្តែនេះគឺដោយសារថៅកែបញ្ជាឲ្យបុកដែរត្រូវតែចាប់ទាំងថៅកែ។ ថៅកែប្រកែកថាពូហំនិយាយកុហក ពេលនោះមានផានិត គង់ ទ្រី សុខមានជួយធ្វើជាសាក្សីឲ្យពូហំ។ ស្រាប់តែថៅកែបានអូសដៃប៉ូលីសទៅខ្សឹបប៉ូលីសក៏ចាប់ពូហំយកទៅក្រសួងនគរបាលដោយទុកឲ្យប្រពន្ធពូហំយំសោកបោកប្រាណអាណិតប្តី។ ទីបញ្ចប់មានសុខ គង់ ទ្រី និងផានីតក៏ត្រូវបានថៅកែដេញចេញឈប់ឲ្យធ្វើការងារនៅទីនោះ។
- ប្រធានរឿង៖ រឿងនេះនិយាយពីអំពើអយុត្តិធម៌ក្នុងសង្គមខ្មែរ។
- មូលបញ្ហារឿង៖ បើតាមការពិនិត្យទៅតាមសាច់រឿង យើងអាចទាញនូវបញ្ហាដូចតទៅ៖ ទី១ ការកាន់នូវសច្ចធម៌ ចេះសាមគ្គីគ្នារវាងកម្មករទៅនឹងជីវភាពរបស់ខ្លួន។ ទី២ អយុត្តិធម៌ឈ្នះយុត្តិធម៌ដោយសារទឹកលុយ។
ដោយ ស៊ីន វិសាល
No comments:
Post a Comment